របៀបការពាររាងកាយកុំឲ្យខ្វះជាតិទឹក នារដូវក្តៅ

អាកាសធាតុក្តៅ ធ្វើឲ្យរាងកាយងាយនឹងជួបបញ្ហាខ្វះជាតិទឹកខ្លាំងបំផុត ហេតុនេះអ្នកត្រូវយកចិត្តទុកដាក់ចំពោះរបបអាហារមួយចំនួន ដើម្បីការពារជាតទឹកកុំបាត់បង់ និងរក្សាសីតុណ្ហភាពរាងកាយឲ្យមានភាពត្រជាក់ផងដែរ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ដើម្បីបង្ការបញ្ហាខ្វះជាតិទឹកនារដូវក្តៅ អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
ទទួលទានទឹកឲ្យបានច្រើន
ការផឹកទឹកឲ្យបានច្រើន គឺជាវិធីដ៏ល្អបំផុតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាខ្វះជាតិទឹក។ ព្រោះទឹក អាចជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ ហេតុនេះ អ្នកគួរតែផឹកទឹកឲ្យបាន ៨ ទៅ ១០កែវក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ។ ប្រសិនបើអ្នកធុញទ្រាន់ជាមួយនឹងការផឹកទឹក អាចទទួលទានទឹកដោះគោ ទឹកដូង ឬភេសជ្ជៈធម្មជាតិផ្សេងៗទៀតបាន។
កំណត់ការទទួលទានកាហ្វេ
ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ពិតជាមិនល្អឡើយសម្រាប់អ្នកទាំងអស់គ្នានារដូវក្តៅ ជាពិសេសអ្នកដែលធ្វើការក្រោមពន្លឺព្រះអាទិត្យ។
ម្យ៉ាងវិញទៀត ភេសជ្ជៈដែលមានផ្ទុកជាតិកាបូនណាត និងភេសជ្ជប៉ូវកម្លាំងដែលមានផ្ទុកជាតិស្ករច្រើន ក៏មិនមែនជាជម្រើសល្អសម្រាប់រាងកាយដែរ។ យកល្អអ្នកគួរតែព្យាយាមទទួលទានទឹក ឬទឹកដោះគោស្រស់ជំនួសវិញ។
ព្យាយាមទទួលទានទឹកផ្លែឈើស្រស់
ទឹកផ្លែឈើដែលអាចផ្តល់ជាតិទឹកដល់រាងកាយបានគ្រប់គ្រាន់ គឺទឹកត្រសក់ ទឹកប៉េងបោះ ទឹមទំពាំងបាយជូរ ឬទឹកឪឡឹក…។ ផ្លែឈើទាំងនេះសម្បូរទៅដោយវីតាមីនC និងសារធាតុរ៉ែផ្សេងៗទៀត ដែលអាចជួយរក្សាជាតិទឹកក្នុងរាងកាយមិនឲ្យបាត់បង់ឡើយ។
ជៀសវាងការសេពគ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹងច្រើនពេក អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែច្រើនដែរ ហើយអ្នកច្បាស់ជាជួបបញ្ហាឈឺក្បាល ស្ងួតមាត់ និងស្រេកទឹកហួសប្រមាណ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកនៅតែបន្តសេពគ្រឿងស្រវឹងរយៈពេលយូរ អាចប្រឈមនឹងបញ្ហាខូចថ្លើមជាពុំខានឡើយ។ ដូច្នេះ សូមកំណត់ការទទួលទានគ្រឿងស្រវឹង ឬជៀសវាងតែម្តង គឺកាន់តែល្អ៕