ទទួលទានអាហារពេលល្ងាចមុនម៉ោង៩ អាចកាត់បន្ថយជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត

ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការទទួលទានអាហារមុនម៉ោង៩យប់ ឬមុនពេលចូលគេង២ម៉ោង អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត។
បើប្រៀបធៀបទៅនឹងអ្នកដែលទទួលទានអាហារក្រោយម៉ោង១០យប់ ឬអ្នកដែលចូលគេងភ្លាមៗក្រោយពេលទទួលទានបានរួច គឺអ្នកដែលទទួលទានអាហារមុនម៉ោង៩យប់ ឬរងចាំយ៉ាងហោចណាស់២ម៉ោងបានចូលគេង មានការថយចុះហានិភ័យនៃជំងឺមហារីកប្រហែលជា ២០ភាគរយ។

អ្នកដឹកនាំការស្រាវជ្រាវលោក Manolis Kogevinas មកពីវិទ្យាស្ថាន Barcelona Institute for Global Health ប្រទេសអេស្ប៉ាញបាននិយាយថា (ការសិក្សារបស់យើងបានសន្និដ្ឋានថា ការអនុវត្តខ្ជាប់ខ្ជួនចំពោះការញ៉ាំអាហារពេលល្ងាចមុនម៉ោង៩យប់ នឹងមានការថយចុះនៃជំងឺមហារីក)។
ចំពោះការស្រាវជ្រាវដែលចេញផ្សានៅក្នុងទស្សនាវដ្តី International Journal of Cancer បានបាង្ហាញពីទិន្នន័យវិភាគទៅលើក្រុមអ្នកជំងឺមហារីកក្រពេញប្រូស្តាតចំនួន ៦១២ករណី និងជំងឺមហារីកសុដន់ចំនួន ១,២០៥ករណី រួមមានបុរស ៨៧២នាក់ និងស្ត្រី ១,៣២១នាក់។

អ្នកស្រាវជ្រាវបានរកឃើញថា ជំងឺមហារីកកើនឡើងខ្លាំង ចំពោះអ្នកដែលទទួលទានអាហារនៅពេលយប់ជ្រៅ។ អ្នកស្រាវជ្រាបានបន្ថែមទៀតថា ការទទួលទានអាហារយប់ជ្រៅពេក មានឥទ្ធិពលស្រដៀងទៅនឹងការធ្វើការវេនយប់ដែរ។
ទោះជាយ៉ាងណាអ្នកជំនាញបានបញ្ជាក់ថា បច្ចុប្បន្ននេះពុំទាន់មានការណែនាំណាមួយអំពីការការពារជំងឺមហារីក ទាក់ទងទៅនឹងការទទួលទានអាហារនៅពេលយប់នោះឡើយ៕