ឪពុកម្តាយគ្រប់រូប គួរស្វែងយល់ពីជំងឺគ្រុនផ្តាសាយ ដែលកើតចំពោះកុមារ

ជំងឺគ្រុនផ្តាសាយ មិនត្រឹមតែកើតមានចំពោះកុមារនោះទេ សូម្បីតមនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ក៏ប្រឈមដូចគ្នាដែរ។
ជំងឺគ្រុនផ្តាសាយ ងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស តាមរយៈផ្លូវដង្ហើម ហើយរោគសញ្ញានឹងបង្ហាញបន្ទាប់ពីការឆ្លង ២ ទៅ ៣ថ្ងៃ ដែលធ្វើឲ្យកុមារហៀរសំបោរ រមាស់ កណ្តោស់ ក្តៅខ្លួន ឈឺក្បាល ក្អក និងរលាកផ្លូវដង្ហើម។

ប្រសិនបើវាកើតឡើងចំពោះស្ត្រីមានផ្ទៃពោះ អាចចំរាមកំហែងដល់សុខភាព ក៏ដូចជាអាយុជីវិតកូននៅក្នុងផ្ទៃផងដែរ ហេតុនេះ ទើបអ្នកជំនាញផ្តល់អនុសាសន៍ឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយមានការប្រុងប្រយ័ត្នជានិច្ច។
តើគួរធ្វើដូចម្តេច ដើម្បីទប់ស្តាត់ជំងឺផ្តាសាយកុមារឲ្យមានប្រសិទ្ធភាព?

បើយោងតាមអ្នកឯកទេសផ្នែកសុខភាពបានបង្ហាញថា វិធីល្អបំផុតដើម្បីទប់ស្តាត់ជំងឺគ្រុនផ្តាសាយ អ្នកគួរតែរក្សាអនាម័យរបស់នៅរបស់កុមារឲ្យបានល្អ និងចាក់ថ្នាំបង្ការឲ្យបានត្រឹមត្រូវ។
ក្នុងករណីដែលកុមារ មានសកម្មភាពខុសធម្មតាដូចជា មិនសូវលេងច្រើន មិនសូវញ៉ាំ ឬក្តៅខ្លួនស្ទីងៗ គួរប្រញាប់នាំពួកគេទៅពេទ្យភ្លាមៗ កុំទុកយូរនាំតែពិបាកព្យាបាល៕